ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យចំនួន ២៧ នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសចំនួន ៨ ករណី មកបើកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានី។

ការបង្ហាញមុខនេះ បានធ្វើឡើងបន្ទាប់ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌចំនួន ៥ បានបើកការស្រាវជ្រាវរយៈពេល ៣ ថ្ងៃ ដើម្បីបង្រ្កាបជនសង្ស័យទាំងនេះ។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការខណ្ឌទាំង ១៤ ត្រូវបង្ការ និងទប់ស្កាត់រាល់បទល្មើសដែលកើតឡើងក្នុងមូលដ្ឋាន។

ការចាប់ខ្លួននេះមានការចូលរួមពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌព្រែកព្នៅ, ខណ្ឌ០៧មករា, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។
បទល្មើសដែលជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់មាន៖ ឃាតកម្ម ០១ ករណី, ហិង្សា ០៣ ករណី, លួច ០៤ ករណី និងដកហូតវត្ថុតាង ដុំថ្ម និងកាំបិតកែច្នៃ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៧ នាក់ ត្រូវបានសមត្ថកិច្ចតាមបណ្តាខណ្ឌ នាំយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការបង្ការនិងទប់ស្កាត់បទល្មើសនេះ គឺដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្កើតសន្តិសុខសង្គមនៅក្នុងរាជធានីភ្នំពេញ។
