ខេត្តព្រៃវែង – ការអនុវត្តច្បាប់របស់កម្លាំងនគរបាលខេត្តព្រៃវែង បានជួបប្រទះឧបសគ្គយ៉ាងធំ នៅពេលប្រជាពលរដ្ឋជាច្រើននាក់បានឡោមព័ទ្ធរថយន្តរបស់នគរបាល ដែលត្រៀមដឹកជនល្មើសដែលទើបតែចាប់បានក្នុងករណីចោរលួចរថយន្ត។

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្រោយកម្លាំងនគរបាលអនុវត្តប្រតិបត្តិការស្រាវជ្រាវអស់រយៈពេលជិតពីរសប្តាហ៍ ដើម្បីតាមចាប់ជនល្មើសក្នុងករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ដែលបានកើតឡើងនៅវេលាម៉ោង ៤:៣១នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា៖ “នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស”។

ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីស្នងការនគរបាលខេត្ត។ ការចាប់ខ្លួនបានធ្វើឡើងដោយជោគជ័យ ប៉ុន្តែពេលដឹកជនល្មើសមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ប្រជាពលរដ្ឋមូលដ្ឋានបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកស្នងការបានអំពាវនាវថា ការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើស មិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះ។ ស្ថានភាពបច្ចុប្បន្ននៅតែមានភាពតានតឹង ដោយកម្លាំងនគរបាលកំពុងព្យាយាមដោះស្រាយស្ថានភាពដោយសន្តិវិធី។
