
សិង្ហបុរី៖ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីក្រុមហ៊ុនលក់រាយធំៗដូចជា Caltex, Shell និង SPC បានដំឡើងថ្លៃប្រេងឥន្ធនៈយ៉ាងខ្លាំង។
ការកើនឡើងនេះបណ្តាលមកពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

យោងតាមទិន្នន័យពីវេទិកា Motorist.sg កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមហ៊ុន Caltex បានដំឡើងថ្លៃប្រេង RON95 ទៅដល់ ៣,៤៧ ដុល្លារសិង្ហបុរីក្នុងមួយលីត្រ ខណៈ SPC ក៏បានដំឡើងថ្លៃដល់ ៣,៤៦ ដុល្លារសិង្ហបុរីក្នុងមួយលីត្រដែរ។
សម្រាប់ប្រេងម៉ាស៊ូត ការកើនឡើងក៏បានកើតឡើងដែរនៅថ្ងៃសុក្រ ដោយ Caltex ដំឡើងថ្លៃទៅដល់ ៤,៤៣ ដុល្លារសិង្ហបុរីក្នុងមួយលីត្រ និង Sinopec ដល់ ៤,២៣ ដុល្លារសិង្ហបុរីក្នុងមួយលីត្រ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលស្គាល់ពីបញ្ហានេះក្នុងសារវីដេអូមួយ ដោយលើកឡើងពីបន្ទុកដ៏ធ្ងន់ធ្ងរដែលកំពុងប៉ះពាល់ដល់គ្រួសារ និងអាជីវកម្មនានា។
លោកបានសន្យាថា រដ្ឋាភិបាលនឹងធ្វើវិធានការយ៉ាងរហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋ។
តម្លៃប្រេងអន្តរជាតិបច្ចុប្បន្នជួញដូរនៅប្រហែល ១១០ ដុល្លារក្នុងមួយបារ៉ែល ដែលបង្ហាញពីនិន្នាការកើនឡើងសកលនៃតម្លៃថាមពល។
