
ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមានបានបញ្ចេញសំណើថវិកាឆ្នាំ២០២៧ ដោយស្នើសុំទឹកប្រាក់ចំនួន ១,៥ ទ្រីលានដុល្លារសម្រាប់វិស័យការពារជាតិ ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់កម្មវិធីសង្គមក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ការទទួលខុសត្រូវលើវិស័យសុខាភិបាល និងការថែទាំកុមារគួរតែផ្ទេរទៅឲ្យរដ្ឋនីមួយៗជាអ្នកចាត់ចែង។ លោកបាននិយាយថា «យើងកំពុងធ្វើសង្គ្រាម។ យើងមិនអាចមើលថែទាំក្មេងៗបានទេ។ អ្នកត្រូវទុកឲ្យរដ្ឋជាអ្នកមើលថែ ហើយពួកគេក៏គួរតែជាអ្នកបង់ថ្លៃនោះដែរ»។

ផែនការនេះរួមមានការកាត់បន្ថយជំនួយសម្រាប់ជនភៀសខ្លួន គម្រោងថាមពលកកើតឡើងវិញ កម្មវិធីលំនៅដ្ឋាន និងជំនួយដល់សាកលវិទ្យាល័យ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ។ សមាជិកព្រឹទ្ធសភាលោកស្រី Patty Murray បានហៅចក្ខុវិស័យនេះថាមិនអាចទទួលយកបាន ចំណែកលោក Chuck Schumer មេដឹកនាំភាគតិចក្នុងព្រឹទ្ធសភាបានរិះគន់ថា កញ្ចប់ថវិកានេះបានបោះបង់ចោលគ្រួសារដែលកំពុងជួបការលំបាក និងធ្វើឲ្យខាតបង់ដល់ប្រព័ន្ធសន្តិសុខសង្គម។

ទោះជាយ៉ាងណា ខាងគណបក្សសាធារណរដ្ឋបានការពារសំណើនេះ ដោយអះអាងថា ថវិកាការពារជាតិដ៏ច្រើននេះនឹងធានាថា កងទ័ពអាមេរិកនៅតែមានភាពទំនើបបំផុតក្នុងពិភពលោក។ ការបញ្ចេញសំណើថវិកានេះបានកើតឡើងចំពេលដែលរដ្ឋាភិបាលកំពុងបិទទ្វារផ្នែកខ្លះអស់រយៈពេលជិត៧សប្តាហ៍មកហើយ ដោយសារការជាប់គាំងជម្លោះក្នុងសភាជុំវិញថវិកាសន្តិសុខមាតុភូមិ និងការកែទម្រង់អន្តោប្រវេសន៍៕
