ដោយសារតែភាពតានតឹងថ្មីៗលើសង្គ្រាមអ៊ីរ៉ង់ និងការផ្លាស់ប្តូរអាទិភាពក្នុងស្រុករបស់អាមេរិក បាននាំឲ្យប្រធានាធិបតី ដូណាល់ ត្រាំ អាក់អន់ស្រពន់ចិត្តជាមួយសម្ព័ន្ធមិត្តណាតូដែលមិនអើពើជួយសហរដ្ឋអាមេរិកតាមការអំពាវនាវរបស់លោកត្រាំ។

លោកត្រាំបានពិពណ៌នាអំពីសម្ព័ន្ធមិត្តណាតូថាជា «ខ្លាក្រដាស» និងពិចារណាជាសាធារណៈអំពីការបញ្ចប់ទំនាក់ទំនងជាផ្លូវការ។ ក្រោយការថ្នាំងថ្នាក់របស់លោកត្រាំ ការវិភាគនានាបានកើតឡើងលើបណ្តាញសារព័ត៌មាន។ យោងតាម RT របស់ប្រទេសរុស្ស៊ី ប្រសិនបើគ្មានជំនួយពីសហរដ្ឋអាមេរិកដូចមុនទេ អង្គការណាតូនឹងត្រូវប្រឈមមុខនឹងវិបត្តិ និងកង្វល់ធំៗជាច្រើន។
ទី១ ការបាត់បង់ការពារនុយក្លេអ៊ែរ
នេះជាកង្វល់ដ៏ធំបំផុត។ អាមេរិកជាអ្នកធានាសន្តិសុខនុយក្លេអ៊ែរដល់សមាជិកទាំងអស់។ បើគ្មានអាមេរិក អឺរ៉ុបនឹងត្រូវពឹងលើអាវុធនុយក្លេអ៊ែររបស់បារាំង និងអង់គ្លេស ដែលមានចំនួនតិចតួច (ប្រហែល ៥០០ គ្រាប់) បើធៀបនឹងរុស្ស៊ី (ប្រហែល ៥,៥០០ គ្រាប់)។ វានឹងបង្កឲ្យមានអតុល្យភាពអំណាចដ៏គ្រោះថ្នាក់នៅអឺរ៉ុបខាងកើត។

ទី២ កង្វះខាតថវិកា និងកម្លាំងទ័ពបម្រុង
អាមេរិកចំណាយថវិកាលើវិស័យយោធាច្រើនជាងសមាជិកណាតូ ៣១ ផ្សេងទៀតបូកបញ្ចូលគ្នា។ ជាក់ស្ដែង បើគ្មានទីក្រុងវ៉ាស៊ីនតោនទេ ប្រទេសអឺរ៉ុបត្រូវបង្ខំចិត្តដំឡើងកញ្ចប់ថវិកាការពារជាតិដល់កម្រិតអតិបរមា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រព័ន្ធសុខុមាលភាពសង្គមក្នុងប្រទេសពួកគេ។
ទី៣ បញ្ហាភស្តុភារ និងបច្ចេកវិទ្យាស៊ើបការណ៍
អឺរ៉ុបខ្វះសមត្ថភាពសំខាន់ៗដែលអាមេរិកធ្លាប់ផ្តល់ឲ្យដូចជា៖ ប្រព័ន្ធផ្កាយរណប និងព័ត៌មានសម្ងាត់ (Intelligence) សម្រាប់តាមដានចលនាទ័ពសត្រូវ។ ជាពិសេស ការដឹកជញ្ជូនយោធាធុនធ្ងន់ ដែលអឺរ៉ុបខ្វះយន្តហោះដឹកជញ្ជូនទ័ព និងសម្ភារៈសឹកក្នុងទ្រង់ទ្រាយធំ។

ទី៤ ការបែកបាក់សាមគ្គីភាពផ្ទៃក្នុង
អាមេរិកដើរតួជាមេដឹកនាំនិងអាជ្ញាកណ្តាលសម្របសម្រួលជម្លោះរវាងសមាជិក។ បើគ្មានអ្នកដឹកនាំដ៏មានឥទ្ធិពល ប្រទេសសមាជិកអាចនឹងមានមតិខ្វែងគ្នាលើការសម្រេចចិត្តវាយបក ឬការការពារ ហើយប្រទេសខ្លះអាចនឹងងាកទៅចងសម្ព័ន្ធភាពជាមួយរុស្ស៊ី ឬចិនដោយឡែកពីគ្នា។
ទី៥ ភាពទន់ខ្សោយចំពោះការគំរាមកំហែងពីកងទ័ពរុស្ស៊ី
រុស្ស៊ីអាចនឹងមើលឃើញថា ណាតូដែលគ្មានអាមេរិកគឺគ្រានតែជា «ខ្លាក្រដាស» នេះអាចរុញច្រានឲ្យរុស្ស៊ីបង្កើនការវាយលុក ឬការជ្រៀតជ្រែកកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសបាល់ទិក។
អត្ថបទ៖ សាង ស្រីល័ក្ខ
