ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបន្តប្រតិបត្តិការបង្ក្រាបយានជំនិះដែលកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដោយបានឃាត់រថយន្ត៣គ្រឿង និងម៉ូតូ១២គ្រឿងជាបន្តបន្ទាប់។

ការប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក។

យានជំនិះទាំងនេះត្រូវបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជន បង្កឲ្យមានការភ័យខ្លាច និងសម្លេងរំខានដល់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថបានឱ្យម្ចាស់យានជំនិះធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស។ ចំណែកឯយានជំនិះទាំងនោះត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ការប្រតិបត្តិការនេះជាផ្នែកមួយនៃការថែរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ និងសុវត្ថិភាពសាធារណៈក្នុងរាជធានីភ្នំពេញ ដោយផ្ដោតលើការបង្ក្រាបអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់សង្គម។

