អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លាប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់ ដោយបញ្ជាក់ថាត្រូវបានវាយប្រហារលើសពី២០លើកតាំងពីខែមីនាមក។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានបង្ហោះសារមួយលើបណ្តាញសង្គម X ដោយថ្លែងថា៖ «ការវាយប្រហារជាច្រើនទៅលើមណ្ឌលសុខភាពអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចបន្តផ្តល់សេវាសុខភាពបានទេ ជាពិសេសដោយវិទ្យាស្ថានប៉ាស្ទ័រ»។
ការវាយប្រហារថ្មីៗនេះបានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព វិស័យអប់រំ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ដែលហាក់ដូចជាការពង្រីកគោលដៅរបស់ពួកគេលើសពីទីតាំងយោធា សន្តិសុខ និងនយោបាយ។

លោក Hossein Kermanpour អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយផ្នែកខ្លះនៃអគារត្រូវបានបំផ្លាញទៅជាគំនរបាក់បែក។
ប្រធានអង្គការសុខភាពពិភពលោកបន្ថែមថា៖ «មន្ទីរពេទ្យវិកលចរិក Delaram Sina និងរោងចក្រឱសថ Tofigh Daru ត្រូវបានខូចខាតដោយសារតែការវាយប្រហារ ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់និងរបួសនោះទេ»។

ចាប់តាំងពីថ្ងៃទី០១ ខែមីនាមក អង្គការសុខភាពពិភពលោកបានផ្ទៀងផ្ទាត់លើការវាយប្រហារជាង ២០លើកលើមន្ទីរថែទាំសុខភាពក្នុងប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់ រួមទាំងបុគ្គលិកសុខាភិបាលផងដែរ។
រូបភាព៖ Reuters
