ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនបរទេសចំនួន ១៤នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ៥នាក់ និងប៉ាគីស្ថាន ៩នាក់ ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការស្នាក់នៅខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងជាច្រើនរួមមាន៖ ទូរសព្ទដៃចំនួន ៥៧គ្រឿង កុំព្យូទ័រ (All-in-one) ចំនួន ៥គ្រឿង និងស៊ីមកាតបរទេសចំនួនធំ។ លទ្ធផលកោសលវិច័យបានរកឃើញថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្រោមរូបភាពផ្តល់ការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលដែលនៅពីក្រោយសកម្មភាពទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។

បច្ចុប្បន្ន ជនបរទេសទាំង ១៤នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹង។
