ព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី ក្រុងព្រះសីហនុ ដោយចាប់ខ្លួនជនល្មើស២២នាក់ និងដកហូតថ្នាំញៀនជាង២០០គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។

យោងតាមរបាយការណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន បានចុះបង្ក្រាបករណីគ្រឿងញៀននៅសណ្ឋាគារស៊ីជី។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់ វៀតណាម១នាក់ និងខ្មែរ៣នាក់។

ថ្នាំញៀនដែលត្រូវបានដកហូតរួមមាន៖ ហេរ៉ូអ៉ីន ៨៦០.២៩ក្រាម កូកាអ៉ីន ៤២៧.៣០ក្រាម កេតាមីន ៥២៤.២៤ក្រាម មេតំហ្វេតាមីន ៤៩៤ក្រាម អ៉ិចស្តាស៊ី ៦៥៧.៥២ក្រាម កញ្ញាក្រៀម ៧៧៨.៥៨ក្រាម សារធាតុផ្សំ ៨២៤.៩១ក្រាម និងសារធាតុគីមីផ្សំ ៩០គីឡូក្រាម។

ក្រៅពីថ្នាំញៀន កម្លាំងបានដកហូតរថយន្ត៦គ្រឿង អាវុធខ្លី១គ្រឿង គ្រាប់បែកដៃ១គ្រាប់ ម៉ូតូ៤គ្រឿង ទូរស័ព្ទ៣៣គ្រឿង លិខិតឆ្លងដែន៩ច្បាប់ និងសម្ភារផ្សេងៗទៀត។

ជនល្មើស និងវត្ថុតាងទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះបង្ហាញពីការតស៊ូបង្ក្រាបបទល្មើសគ្រឿងញៀនរបស់កម្លាំងសមត្ថកិច្ច។


















