ភ្នំពេញ៖ នារីម្នាក់អាយុ២២ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រដែលចតលើចិញ្ចើមផ្លូវ។ ឧប្បត្តិហេតុកើតឡើងនៅម៉ោង១:២០នាទីរំលងអាធ្រាត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សពមានឈ្មោះ អេន ណា ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបើកយកមកឈប់នៅលើចិញ្ចើមផ្លូវ ខណៈតៃកុងចុះទៅទិញអីហូបមួយភ្លែត។

ក្រោយមកស្រាប់តែគេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកហុងដា Scoopy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LC-9516 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ ខណះពេលជិះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយកុងតឺន័រយ៉ាងពេញទំហឹង បណ្ដាលអោយនារីរងគ្រោះបាក់កស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តកុងតឺន័រសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមឃាត់នៅពេលក្រោយដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។
ដោយ៖ ភារ៉ា ដង្កោ
