ភ្ញាក់ផ្អើល! យប់ថ្ងៃទី៤ មេសា ២០២៦ ប្រជាពលរដ្ឋជាច្រើនបានរារាំងឡោមព័ទ្ធកម្លាំងនគរបាល ដើម្បីរំដោះជនសង្ស័យដែលទទួលផលចោរកម្មរថយន្ត។ ក្នុងប្រតិបត្តិការអន្តរាគមន៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងអ្នករារាំងបន្ថែមពីរនាក់ទៀត។

តាមរបាយការណ៍នគរបាលខេត្តកំពង់ស្ពឺ អ្នករារាំងដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហួន ង៉ែត (៥៦ឆ្នាំ) និង ថាត តេងណេង (២៦ឆ្នាំ)។ ពួកគេបានព្យាយាមរារាំងការអនុវត្តច្បាប់ និងរំដោះជនសង្ស័យចេញពីការបង្ក្រាបចោរកម្ម។

ជនសង្ស័យដែលទទួលផលចោរកម្មគឺ កែវ ដារ៉ូ (៣០ឆ្នាំ) មុខរបរទិញលក់រថយន្ត។ គាត់ត្រូវបានឃាត់ខ្លួននៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី កាលពីយប់ថ្ងៃទី៤ មេសា ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីនគរបាលខេត្តព្រៃវែងទទួលបានពាក្យបណ្តឹងពីម្ចាស់រថយន្តដែលត្រូវលួច។ រថយន្តម៉ាក Hyundai ទម្ងន់ ២,៥តោន ត្រូវបានលួចពីខេត្តព្រៃវែង ហើយជនសង្ស័យបានទិញពីជនល្មើសក្នុងតម្លៃ ១,៦០០ដុល្លារ រួចលក់បន្តក្នុងតម្លៃ ២,៣០០ដុល្លារ។

តាមការសារភាព រថយន្តដែលទិញបានពីជនល្មើសត្រូវបានដោះបំបែកគ្រឿងលក់ (កាប់សាច់) ហើយគ្មានឯកសារច្បាប់ដើម។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំងអស់អនុវត្តនិតិវិធីច្បាប់។

អត្ថបទ៖ សុខុម
