ភ្នំពេញ៖ អាជ្ញាធររាជរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមយុទ្ធនាការបាញ់ថ្នាំមូសខ្លាកម្ចាត់មូសនៅក្នុងខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដើម្បីការពារជំងឺគ្រុនឈាមដែលអាចគំរាមកំហែងសុខភាពប្រជាពលរដ្ឋ។

យុទ្ធនាការនេះត្រូវបានអនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការសហការពីក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ “ក្រុមការងារបានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃទាំងយប់ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៍នានាទូទាំងរាជធានីភ្នំពេញ។”

លោកបានបន្តថា ការងារនេះផ្តោតលើតំបន់ដែលមានហានិភ័យខ្ពស់ ជាពិសេសតាមប្រឡាយ លូ ដែលជាកន្លែងកើតមូសយ៉ាងច្រើន។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងនូវទឹកចិត្តរីករាយ និងអរគុណចំពោះអាជ្ញាធរដែលបានចាត់ចែងការងារនេះ។

លោក ងី មានហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដោយលុបបំបាត់ទឹកដក់ថ្លានៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប និងវត្ថុដក់ទឹកភ្លៀងផ្សេងៗ។

“មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ដូចជាទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន និងទឹកដក់នៅក្នុងចានស្នោ។” លោកប្រធានមន្ទីរបានបញ្ជាក់។

យុទ្ធនាការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។ អាជ្ញាធរបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៍របស់ខ្លួន។

ដោយ៖ សំរិត
