ក្រសួងប្រេងឥណ្ឌាបានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានទិញប្រេងអ៊ីរ៉ង់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ នៅពេលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលរំខានការផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។

ប្រទេសឥណ្ឌាមិនបានទទួលទំនិញពីអ៊ីរ៉ង់ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ មក ដោយសារសម្ពាធពីសហរដ្ឋអាមេរិកក្នុងការហាមឃាត់ការទិញប្រេងឆៅពីអ៊ីរ៉ង់។ ទោះជាយ៉ាងណា ការរំខានការផ្គត់ផ្គង់ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអាស៊ីខាងត្បូង។
ក្រសួងប្រេងបានបង្ហាញនៅលើបណ្តាញសង្គម X ថា៖ “នៅពេលមានការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានធានាតម្រូវការប្រេងឆៅរបស់ពួកគេ រួមទាំងពីអ៊ីរ៉ង់ផងដែរ ហើយគ្មានឧបសគ្គក្នុងការទូទាត់សម្រាប់ការនាំចូលប្រេងឆៅពីអ៊ីរ៉ង់ទេ។”

កាលពីខែមុន សហរដ្ឋអាមេរិកបានលុបចោលជាបណ្ដោះអាសន្នលើការដាក់ទណ្ឌកម្មលើប្រេង និងផលិតផលចម្រាញ់របស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់។ ក្រសួងបានបន្ថែមថា ឥណ្ឌាបានធានាតម្រូវការពេញលេញនៃប្រេងឆៅសម្រាប់ខែខាងមុខ។
ឥណ្ឌាក៏បានទិញឧស្ម័នប្រេងរាវអ៊ីរ៉ង់ចំនួន ៤៤,០០០ តោនដែលផ្ទុកលើកប៉ាល់ដែលត្រូវបានដាក់ទណ្ឌកម្ម។ កប៉ាល់នេះបច្ចុប្បន្នកំពុងបញ្ចេញប្រេងឥន្ធនៈនៅកំពង់ផែ Mangalore ភាគខាងលិច បន្ទាប់ពីចូលចតកាលពីថ្ងៃពុធ។

ការទិញប្រេងអ៊ីរ៉ង់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនេះ បង្ហាញពីការផ្លាស់ប្តូរនៃទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងអ៊ីរ៉ង់ និងការធានាសន្តិសុខថាមពលសម្រាប់ប្រទេសឥណ្ឌានៅក្នុងស្ថានភាពភាពតានតឹងតាមតំបន់។
