
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់អាយុ ៥១ឆ្នាំ ដែលធ្វើជំនួញលក់ក្អមឆ្នាំងចង្ក្រាន បានស្លាប់យ៉ាងអាណោចអាធម្ម បន្ទាប់ពីធ្លាក់ពីលើរ៉ឺម៉ក ហើយត្រូវរ៉ឺម៉កដឹកទំនិញកិនពីលើខ្លួន។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ក្នុងភូមិអូរតានេស ឃុំរលាបអៀ ស្រុករលាប្អៀរ។

ស្ត្រីរងគ្រោះមានឈ្មោះ ពេជ មាស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ នាងមានប្ដីឈ្មោះ ម៉ៅ ស៊ីម អាយុ៤៧ឆ្នាំ និងមានកូន៤នាក់។ គ្រួសារនេះមានមុខរបរធ្វើស្រែ និងដឹកក្អមឆ្នាំងចង្ក្រានផលិតអំពីដីដើរលក់តាមបណ្ដាខេត្ត។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្ដីបានចេញដំណើរដោយរ៉ឺម៉កម៉ូតូ ពីភូមិបាញ់ឆ្គោល ឡើងផ្លូវជាតិលេខ៥ ទៅលក់នៅខេត្តកំពង់ស្ពឺ។ នៅចំណុចកើតហេតុ ស្ត្រីខាងលើកំពុងអង្គុយគិតលុយក្នុងបញ្ជី ដោយមិនបានតោងឬកាន់រ៉ឺម៉ក ក៏ស្រាប់តែធ្លាក់ពីលើរ៉ឺម៉កមកដី។

នាងត្រូវរ៉ឺម៉កដឹកក្អមឆ្នាំងចង្ក្រានធ្វើអំពីដី ដែលមានទម្ងន់រាប់តោន កិនពីលើជំពាក់កណ្ដាលខ្លួន បណ្ដាលឱ្យបាត់បង់ជីវិតភ្លាម។ ក្រោយការពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសាររ៉ឺម៉កកិនពិតប្រាកដ។ សពស្ត្រីរងគ្រោះមានស្នាមបាក់ដៃ បែកក្បាល បាក់ឆ្អឹងជំនី និងមានស្នាមកង់រ៉ឺម៉កជាន់ពីលើ។
សមត្ថកិច្ចបានប្រគល់សពស្ត្រីរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
