ភ្នំពេញ៖ កម្ពុជាបន្តដំណើរការបោសសម្អាតមីនយ៉ាងមុតមាំ ដោយមានការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលបង្កើតឡើងក្នុងគោលដៅផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជន។

លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ការងារបោសសម្អាតមីនជាកិច្ចការអាទិភាពជាតិ ដែលត្រូវបានគាំទ្រយ៉ាងមុតមាំពីរដ្ឋាភិបាល។ លោកបានធ្វើការបញ្ជាក់នេះក្នុងឱកាសចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) នៅស្រុកអង្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងការដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ដែលបានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ លោកក៏បានអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែចាត់ទុកការងារបោសសម្អាតមីនជាកិច្ចការអាទិភាពជាតិ។

“វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ បើគ្មានសន្តិភាពពេលលេញនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន” លោក លី ធុជ បានបញ្ជាក់។

ជាមួយនឹងសមិទ្ធផលជាង ៣០ឆ្នាំកន្លងមក បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក។ សហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកបានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះ និងបានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់បន្ថែមដល់ជីវភាពរស់នៅរបស់ប្រជាជន។

ការងារបោសសម្អាតមីននៅតែបន្តដោយមានការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងបោសសម្អាតមីន ដើម្បីឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីនេះក៏មានការចូលរួមពីលោក ម៉េត មាសភក្តី អភិបាលរងខេត្តតំណាងរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងតំណាងអាជ្ញាធរផ្សេងៗទៀត។

កម្ពុជាបន្តដំណើរការបោសសម្អាតមីនដើម្បីធានាសុវត្ថិភាពដល់ប្រជាជន និងបង្កើតបរិស្ថានអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតជាតិ។

ដោយ៖ សំរិត
