ព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅសណ្ឋាគារស៊ីជី ក្រុងព្រះសីហនុ ដោយចាប់ខ្លួនជនល្មើស២២នាក់ និងដកហូតគ្រឿងញៀនជាង២០០គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
យោងតាមរបាយការណ៍ កាលពីវេលាម៉ោង១៧:៣០ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន បានចុះបង្ក្រាបករណីគ្រឿងញៀននៅសណ្ឋាគារស៊ីជី។

កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនល្មើសសរុប២២នាក់ ក្នុងនោះមាន៖
- ជនជាតិចិន ១៨នាក់ (ស្រី៣នាក់)
- ជនជាតិវៀតណាម ១នាក់ (ស្រី)
- ជនជាតិខ្មែរ ៣នាក់ (ស្រី១នាក់)
គ្រឿងញៀនដែលដកហូតបានរួមមាន៖
- ហេរ៉ូអ៉ីន ១គីឡូ (៨៦០.២៩ក្រាម)
- កូកាអ៉ីន ១គីឡូ (៤២៧.៣០ក្រាម)
- កេតាមីន ៤គីឡូ (៥២៤.២៤ក្រាម)
- មេតំហ្វេតាមីន ១៦គីឡូ (៤៩៤ក្រាម)
- អ៉ិចស្តាស៊ី (MDMA) ៦៣គីឡូ (៦៥៧.៥២ក្រាម)

ក្រៅពីនេះ កម្លាំងអាវុធហត្ថក៏បានដកហូតកញ្ញាក្រៀម សារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនទៀត ដែលមានទម្ងន់សរុបជាង២០០គីឡូក្រាម។
វត្ថុតាងផ្សេងៗដែលដកហូតបានរួមមាន៖
- រថយន្ត ៦គ្រឿង
- អាវុធខ្លី K59 ១គ្រឿង
- គ្រាប់បែកដៃ ១គ្រាប់
- ម៉ូតូ ៤គ្រឿង
- ទូរស័ព្ទ ៣៣គ្រឿង
- លិខិតឆ្លងដែន ៩ច្បាប់

សម្រាប់ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះបង្ហាញពីការតស៊ូមតិរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងកើតមានកាន់តែធ្ងន់ធ្ងរនៅក្នុងសង្គម។

អត្ថបទសរសេរដោយ ឈុន គឹមហៃ
កែសម្រួលដោយ ធីតា
