ខេត្តបាត់ដំបង៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានធ្វើប្រតិបត្តិការបំបែកសំបុកជួញដូរសារធាតុញៀនយ៉ាងសកម្ម និងចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលមានទាំងបទល្មើសជួញដូរគ្រឿងញៀន ទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងអាជ្ញាធរ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ៣:៣០រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីលានចាក់សំរាម ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជនសង្ស័យទាំង៥នាក់រួមមាន៖
១. ឡេង មែន (ហៅ នី) អាយុ៤៣ឆ្នាំ – ជាមុខសញ្ញាជួញដូរ ទទួលផលចោរកម្ម និងប្រឆាំងអាជ្ញាធរ
២. ធឿន ច្រឹប (ហៅ តុម) អាយុ៣៤ឆ្នាំ – ជួញដូរសារធាតុញៀន
៣. គង់ សិលា (ហៅ សាន់) អាយុ៣៧ឆ្នាំ – ប្រើប្រាស់សារធាតុញៀន
៤. រ៉េន ឆ្លាត (ហៅ ទុយ) អាយុ២៥ឆ្នាំ – ជួញដូរ និងកាន់កាប់អាវុធ
៥. រិទ្ធី រតនៈ (ហៅ អាណាក់) អាយុ២២ឆ្នាំ – ជួញដូរ

វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ICE) ទម្ងន់៤៨.៣២ក្រាម គ្រាប់ជំពាមកៅស៊ូ ស្នាប់ដៃ កាំបិត៤ដើម ដាវ១ដើម ទូរស័ព្ទ២គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជួញដូរនេះតែងតែប្រមូលផ្តុំគ្នាដើម្បីវាយរំដោះបក្សពួក និងបានប្រើអាវុធដូចជាជំពាមកៅស៊ូ កាំបិត និងដាវ ដេញកាប់សមត្ថកិច្ចនៅពេលចុះបង្ក្រាប។

ជនសង្ស័យម្នាក់ឈ្មោះ រិទ្ធី រតនៈ ត្រូវបានចោទប្រកាន់បទលួច និងហិង្សាដោយចេតនា ដោយមានដីកាចាប់ខ្លួន២ដីកា។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងទាំងអស់ កំពុងត្រូវឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

