
រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់កម្មករ កម្មការិនីជាង៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

កម្មវិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយមានក្រុមជាងជំនាញចំនួន១០០នាក់ពីសមាគមមិត្តយើង ផ្តល់សេវាកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃ។ នេះជាឱកាសល្អសម្រាប់កម្មករទទួលសិរីសួស្តី និងសន្សំប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្ត៦០០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករនិងប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានប្រកាសពីឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែង នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនទូទាំងប្រទេស។ អ្នកដែលចាប់អារម្មណ៍អាចទាក់ទងតាមរយៈ Hotline ១២៩៧។

ឯកឧត្តមហេង សួរ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្មករទាំងអស់ ដែលបានខិតខំព្យាយាមបំពេញការងារក្នុងវិបត្តិសកល ដែលជួយរក្សាសេដ្ឋកិច្ចជាតិឱ្យបន្តដំណើរការយ៉ាងរលូន។

