អតីតជនជាប់ពន្ធនាគារបទគម្រាមសម្លាប់ ទើបចេញមកវិញមិនរាងចាល បានគម្រាមសម្លាប់មួយពូជទៀត ត្រូវឃាត់ខ្លួនជាថ្មី

អតីតជនជាប់ពន្ធនាគារបទគម្រាមសម្លាប់ ទើបចេញមកវិញមិនរាងចាល បានគម្រាមសម្លាប់មួយពូជទៀត ត្រូវឃាត់ខ្លួនជាថ្មី

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលទើបចេញពីពន្ធនាគារមិនយូរប៉ុន្មាន ប៉ុន្តែនៅតែបន្តគម្រាមថានឹងសម្លាប់អ្នកភូមិ និងប្រើប្រាស់គ្រឿងញៀនដដែល។

វត្ថុតាងចាប់យកពីជនសង្ស័យ

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:១០នាទី នៅមុខផ្ទះជនរងគ្រោះ ក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។ ជនរងគ្រោះគឺអ្នកស្រី សុខ សាវ៉ុន អាយុ៧៣ឆ្នាំ មេផ្ទះ។

ជនសង្ស័យឈ្មោះ ឯម សំអូន អាយុ៣៦ឆ្នាំ គ្មានមុខរបរច្បាស់លាស់ និងវិជ្ជមានសារធាតុញៀន។ លោកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល១ឆ្នាំ ពីបទគម្រាមកំហែងថានឹងសម្លាប់។

កាំបិតដែលជនសង្ស័យប្រើគម្រាម

សមត្ថកិច្ចបានចាប់យកវត្ថុតាងចំនួន៤ រួមមាន៖ កាំបិតផ្គាក់ផ្លែដែកដងឬស្សី១ ពូថៅធ្វើពីដែកដងឈើ១ និងកាំបិតចុងស្រួចតូចធំ២។

អ្នកស្រីសុខ សាវ៉ុន បានរាយការណ៍ថា ជនសង្ស័យជាជនអនាថា រស់នៅក្នុងខ្ទមតូចលើដីឡូតិ៍ដែលម្ចាស់គេទុកចោល។ លោកធ្លាប់ត្រូវសមត្ថកិច្ចយកទៅអប់រំណែនាំពីមុន ដោយសារយកដុំថ្មគប់ដំបូលផ្ទះអ្នកភូមិ។

ទីកន្លែងកើតហេតុ

នៅថ្ងៃកើតហេតុ ជនសង្ស័យបានកាន់ពូថៅមកឈរនៅមុខផ្ទះ ស្រែកសួររកកូនស្រីរបស់ជនរងគ្រោះឈ្មោះរៃ។ ឃើញសភាពមិនស្រួល ជនរងគ្រោះបានទាញទ្វារបងបិទចាក់សោ តែជនសង្ស័យបានយកពូថៅទៅអូសលើទ្វារ ហើយស្រែកគំរាមថា៖ “ចាំមើលថ្ងៃនឹង! អញនឹងសម្លាប់ចោលមួយពូជតែម្ដង!”

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចេញអន្ដរាគមន៍ភ្លាម និងឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យបានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួនពីមុខសមត្ថកិច្ច។

administrator

Related Articles