ព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសសរុប២២នាក់ និងដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។

របាយការណ៍បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុបញ្ជាក់ថា កាលពីម៉ោង១៧:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្ត បានចុះបង្ក្រាបករណីនេះ។

កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២២នាក់ រួមមាន៖ ជនជាតិចិន១៨នាក់ ជនជាតិវៀតណាម១នាក់ (ស្រី) និងជនជាតិខ្មែរ៣នាក់ (ស្រី១នាក់)។

ក្រោយចាប់ខ្លួន កម្លាំងបានដកហូតថ្នាំញៀន និងសារធាតុផ្សំជាច្រើន រួមមាន៖
• ហេរ៉ូអ៉ីន១គីឡូ (៨៦០.២៩ក្រាម)
• កូកាអ៉ីន១គីឡូ (៤២៧.៣០ក្រាម)
• កេតាមីន៤គីឡូ (៥២៤.២៤ក្រាម)
• មេតំហ្វេតាមីន១៦គីឡូ (៤៩៤ក្រាម)
• អ៉ិចស្តាស៊ី៦៣គីឡូ (៦៥៧.៥២ក្រាម)
• កញ្ញាក្រៀម១គីឡូ (៧៧៨.៥៨ក្រាម)
• សារធាតុផ្សំ៥៧គីឡូ (៨២៤.៩១ក្រាម)
• សារធាតុគីមីផ្សំ៩០គីឡូក្រាម

ថ្នាំញៀនសុទ្ធសរុបៈ ៨៩គីឡូ ៧៤១.៩៣ក្រាម សារធាតុផ្សំសុទ្ធៈ ៥៧គីឡូ ៨២៤.៩១ក្រាម និងសារធាតុគីមីផ្សំ៩០គីឡូក្រាម។

វត្ថុតាងផ្សេងៗទៀតរួមមាន៖ រថយន្ត៦គ្រឿង អាវុធខ្លី១គ្រឿង គ្រាប់បែកដៃ១គ្រាប់ ម៉ូតូ៤គ្រឿង ទូរស័ព្ទ៣៣គ្រឿង លិខិតឆ្លងដែន៩ក្បាល បណ្ណការងារ១៤បណ្ណ បណ្ណបើកបរ៣បណ្ណ គ្រាប់អាវុធវែង១៦គ្រាប់ ជញ្ជីង៣៨គ្រឿង និងឧបករណ៍ផលិតជាច្រើន។

ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។











