ខេត្តកំពង់ស្ពឺ – កម្លាំងសមត្ថកិច្ចចម្រុះត្រូវបានបង្ខំឲ្យប្រើអាវុធផ្ទុះដើម្បីបំបែកក្រុមប្រជាពលរដ្ឋដែលបានយករនាំងដែកមកឡោមព័ទ្ធរារាំងការដឹកជនសង្ស័យម្នាក់ ដែលជាកូនម្ចាស់ហាងទិញលក់រថយន្ត ពាក់ព័ន្ធនឹងករណីលួចរថយន្តពីខេត្តព្រៃវែង។

ហេតុការណ៍តានតឹងនេះបានកើតឡើងនៅពេលល្ងាចថ្ងៃទី៤ មេសា ២០២៦ នៅទីតាំងហាងទិញលក់រថយន្តមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ករណីលួចរថយន្តនេះបានកើតឡើងកាលពីថ្ងៃទី២៥ មីនា ២០២៦ នៅវេលាម៉ោង ៤:៣១នាទីព្រឹក ដោយជនសង្ស័យបានលួចយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3D-0908 ដែលចតទុកនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលខេត្តព្រៃវែងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវអស់រយៈពេលជិត ២សប្តាហ៍ ទើបអាចចាប់ខ្លួនជនសង្ស័យបាន។
ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចត្រៀមដឹកជនសង្ស័យចេញ ស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់បានយករនាំងដែកមកឡោមព័ទ្ធរថយន្តរបស់សមត្ថកិច្ច ដោយមិនឲ្យចាកចេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារស្ថានភាពមានការរារាំងការអនុវត្តច្បាប់យ៉ាងខ្លាំងក្លា ជាជម្រើសចុងក្រោយ កម្លាំងសមត្ថកិច្ចចម្រុះក៏បានបាញ់ផ្ទុះអាវុធដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ទើបអាចនាំខ្លួនជនសង្ស័យចេញបានដោយជោគជ័យ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងថា៖ “កម្លាំងនគរបាលព្រៃវែងបានខិតខំធ្វើការស្រាវជ្រាវអស់រយៈពេលជិត ២សប្តាហ៍ ប៉ុន្តែមិនគួរឲ្យប្រជាពលរដ្ឋមិនយល់សាច់រឿង បែរជាធ្វើទង្វើបែបនេះដាក់សមត្ថកិច្ច។ នេះជាទង្វើខុសផ្លូវច្បាប់ និងខុសទាំងសីលធម៌។”

ប្រតិបត្តិការនេះបានបញ្ចប់ដោយជោគជ័យ ដោយសមត្ថកិច្ចអាចនាំខ្លួនជនសង្ស័យទៅកាន់មជ្ឈមណ្ឌលនគរបាលដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
