ខេត្តស្ទឹងត្រែង – នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ យោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសយោធភូមិភាគទី១ បានទទួលការចុះសួរសុខទុក្ខ និងលើកទឹកចិត្តយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងការពារជាតិ។

ក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ថា នៅថ្ងៃទី៤ ខែមេសា ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដីនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងនឹងបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី១។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងក្នុងរយៈពេលកន្លងមក ដែលជាស្នាដៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។

ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្តាអង្គភាពនៅយោធភូមិភាគទី១ នូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ។
អត្ថបទសរសេរដោយ សហការី | កែសម្រួលដោយ កៀន សុឃាក់
