ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការគំរាមជាថ្មីទៅកាន់អ៊ីរ៉ង់ ដោយឲ្យពេលវេលាតែ៤៨ម៉ោងទៀតប៉ុណ្ណោះ ដើម្បីទទួលយកកិច្ចព្រមព្រៀង ឬត្រូវប្រឈមនឹងការវាយប្រហារយោធា។

ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំបានសរសេរថា៖ “សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក”។
ឱសានវាទ១០ថ្ងៃនេះនឹងផុតកំណត់នៅថ្ងៃទី៦ខែមេសា ដែលលោកត្រាំបានអះអាងថា នឹងវាយប្រហារអ៊ីរ៉ង់ខ្លាំងក្លាមិនធ្លាប់មានលើហេដ្ឋារចនាសម្ព័ន្ធផលិតប្រេង អណ្តូងប្រេង និងអគ្គិសនី។
ភាគីអ៊ីរ៉ង់បានបដិសេធការគំរាមកំហែងនេះ ដោយអះអាងថាវាមិនមែនជាការចរចាស្មើភាពគ្នាទេ ព្រោះអាមេរិកគ្រាន់តែដាក់លក្ខខណ្ឌ១៥ចំណុចដែលអ៊ីរ៉ង់ត្រូវបោះបង់កម្មវិធីនុយក្លេអ៊ែរទាំងស្រុង។
បន្ទាប់ពីការអំពាវនាវទៅកាន់សម្ព័ន្ធមិត្តអ៊ឺរ៉ុប ណាតូ និងសម្ព័ន្ធមិត្តអាស៊ីបូព៌ាមិនបានសម្រេច លោកត្រាំកំពុងរងសម្ពាធខ្លាំងឡើងៗពីនយោបាយក្នុងស្រុក និងបន្តដាក់សម្ពាធលើអ៊ីរ៉ង់តាមរយៈសកម្មភាពយោធា។
