រកឃើញឡដុតកុលាលភាជន៍បុរាណនៅគោកព្នៅ កំណត់អាយុកាលចាប់ពីសតវត្សទី៩-១២

រកឃើញឡដុតកុលាលភាជន៍បុរាណនៅគោកព្នៅ កំណត់អាយុកាលចាប់ពីសតវត្សទី៩-១២

ខេត្តសៀមរាប៖ ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា បានរកឃើញឡដុតកុលាលភាជន៍បុរាណដ៏សំខាន់នៅតំបន់គោកព្នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប។

ឡដុតកុលាលភាជន៍បុរាណនៅគោកព្នៅ

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការស្រាវជ្រាវនេះចាប់ផ្ដើមនៅឆ្នាំ២០២៥ ដោយជ្រើសរើសទួលត្រពាំងថ្មអណ្ដែត ហើយនៅឆ្នាំ២០២៦ បានធ្វើកំណាយបន្ថែមនៅទួលមួយទៀតខាងត្បូងឡថ្មត្រពាំងអណ្ដែត។

ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ

លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បានបង្ហាញពីលទ្ធផលស្រាវជ្រាវថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុងដំណាក់កាលដំបូង ដែលជារចនាសម្ពន្ធឡទាំងមូលធ្វើដីឥដ្ឋ។ រចនាសម្ពន្ធឡចុងក្រោយគឺធ្វើពីឥដ្ឋដុត ហើយទំនងជារចនាសម្ពន្ធឡចុងក្រោយមុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។

រចនាសម្ពន្ធឡដុតភាជន៍

លោក ពិទូ ភិរម្យ បុរាណវិទូ បានពន្យល់ថា ការសាងសង់ឡនៅទួលនេះមានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលើដំបូល។

រចនាសម្ពន្ធឡដុត

រចនាសម្ពន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្ដាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។

អំបែងភាជន៍បុរាណ

លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្ដៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ រួមមានឆ្នាំងដី ក្អម ផើង ចាន ក្រឡ និងភាជន៍រឹងផ្សេងៗ។

ការវិភាគសំណាក

ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។ ទោះបីជាកាលបរិច្ឆេទពិតប្រាកដនៃឡនេះមិនទាន់អាចកំណត់បានក៏ដោយ ក៏អ្នកស្រាវជ្រាវអាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្ដែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សទី៩ ទៅដល់សតវត្សទី១២។

ទីតាំងគោកព្នៅ

ការរកឃើញនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសិក្សាពីបច្ចេកវិទ្យាផលិតកុលាលភាជន៍ និងជីវភាពសង្គមនៃអតីតកាលនៅតំបន់អង្គរ។

administrator

Related Articles