ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam មួយកន្លែងថ្មី ដោយឃាត់ខ្លួនជនបរទេសចំនួន១២១នាក់ពី៩សញ្ជាតិផ្សេងគ្នា។

ការប្រតិបត្តិការនេះបានធ្វើឡើងនៅអគារស្នាក់នៅមួយក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងអំឡុងពេលអាជ្ញាធរខេត្តចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ១៥កន្លែង។ តាមរបាយការណ៍ថ្ងៃទី៤ មេសា ២០២៦ ជនបរទេសទាំង១២១នាក់នេះរួមមាន៖ ជនជាតិចិន ៤២នាក់ (ស្រី២នាក់) ស្រីលង្កា ៣៧នាក់ (ស្រី៣នាក់) វៀតណាម ២២នាក់ (ស្រី៣នាក់) ឥណ្ឌា ១២នាក់ (ស្រី១នាក់) គេនយ៉ា១នាក់ ហ្វីលីពីន១នាក់ នេប៉ាល៣នាក់ (ស្រី១នាក់) បង់ក្លាដេស២នាក់ និងម៉ាឡេស៊ី១នាក់។
សមត្ថកិច្ចបានរកឃើញវត្ថុតាងជាមធ្យោបាយប្រព្រឹត្តបទល្មើសអនឡាញ រួមមានកុំព្យូទ័រចំនួន១២៣គ្រឿង និងទូរសព្ទដៃចំនួន១៣២គ្រឿង ដែលត្រូវបានដកហូតទុកជាភស្តុតាង។
បច្ចុប្បន្ន ជនជាតិចិន៤២នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរស្វែងរកមេខ្លោង ខណៈជនបរទេស៧៩នាក់ទៀតត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញ។

គួរកត់សម្គាល់ថា ការបង្ក្រាបទីតាំងថ្មីនេះបានធ្វើឱ្យចំនួនទីតាំង Online Scam ដែលអាជ្ញាធរព្រះសីហនុបង្ក្រាបបានកើនឡើងដល់២៤ទីតាំង ក្នុងចំណោមទីតាំងសរុប៣១កន្លែងដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការបោសសម្អាតបទល្មើសនាពេលថ្មីៗនេះ។
ការប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរក្នុងការលុបបំបាត់សកម្មភាពបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
