
ភ្នំពេញ – ក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ កំពុងរត់ប្រណាំងជាមួយពេលវេលា ដើម្បីសម្របសម្រួលសំណើកិច្ចព្រមព្រៀងពីរដំណាក់កាល ដែលមានគោលដៅសម្រេចបទឈប់បាញ់រយៈពេល៤៥ថ្ងៃ និងការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
យោងតាមសារព័ត៌មាន TRT World ការចរចាដ៏សំខាន់នេះមានការចូលរួមពីប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ព្រមទាំងការទាក់ទងផ្ទាល់រវាងបេសកជនអាមេរិក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi។ នេះគឺជាឱកាសចុងក្រោយដើម្បីបង្ការការរីករាលដាលនៃជម្លោះ។

ក្រុមអ្នកសម្របសម្រួលបានសង្កត់ធ្ងន់ថា នេះគឺជាផ្លូវតែមួយគត់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយបានព្រមានមន្ត្រីអ៊ីរ៉ង់ថា គ្មានពេលសម្រាប់ពន្យារពេលទៀតទេ ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។
ប្រធានាធិបតីដូណាល់ត្រាំបានពន្យារពេលឱសានវាទរបស់លោកចំនួន២០ម៉ោងបន្ថែមទៀត ដោយកំណត់យកត្រឹមថ្ងៃអង្គារ វេលាម៉ោង៨យប់ (ម៉ោងនៅអាមេរិក) មុននឹងចាប់ផ្តើម«ការវាយប្រហារទ្រង់ទ្រាយធំ»លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់។

លោកត្រាំបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង«ការចរចាយ៉ាងស៊ីជម្រៅ» ប៉ុន្តែលោកនៅតែរក្សាជំហរតឹងរ៉ឹងដោយលើកឡើងថា«ប្រសិនបើពួកគេមិនព្រមចុះកិច្ចព្រមព្រៀងទេ ខ្ញុំនឹងកម្ទេចអ្វីៗគ្រប់យ៉ាងនៅទីនោះ»។
ទោះបីជាមានការប្រឹងប្រែងផ្នែកការទូតក៏ដោយ ស្ថានភាពនៅតែមានភាពមិនច្បាស់លាស់ ខណៈដែលកងទ័ពជើងទឹក IRGC របស់អ៊ីរ៉ង់នៅតែប្រកាន់ជំហរដាច់ខាត។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេមិនចង់ឲ្យមាន«ស្ថានភាពដូចនៅហ្គាហ្សា ឬលីបង់»ទេ។
