ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានធ្វើការប្រកាសយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយបដិសេធយ៉ាងដាច់ខាតនូវសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃនៅតំបន់ព្រំដែនខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំសារព័ត៌មាន លោកប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ដែលកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ដែលពួកគេកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។

ជាក់ស្តែង នៅថ្ងៃទី៤ ខែមេសា កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏បានរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ។

រាជរដ្ឋាភិបាលកម្ពុជាបានសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង។ កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ។

កម្ពុជាបានទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។
រាជរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
