រាជធានីភ្នំពេញ៖ យុវតី ល្អ ហួស បានប្រកាសថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការនាំយកឈុតតំណាងជាតិ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនៃការប្រកួតបវរកញ្ញា ដែលមានបេក្ខភាពប្រកួតប្រជែងមកជាង៤០ប្រទេសនៅជុំវិញពិភពលោក។

ការប្រកាសខាងលើពី ល្អ ហួស នាពេលនេះ បានធ្វើឡើង បន្ទាប់ពីនាងបានបញ្ចេញរូបភាពជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គម ដោយគ្រងឈុតអប្សរាពណ៌មាស ដោយមានការរចនារូបប្រាសាទអង្គរវត្តនៅពីមុខ ដែលមើលស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។

ជាមួយនឹងការបង្ហាញឈុតដ៏ល្អឯកមួយនេះ ល្អ ហួស ក៏បានភ្ជាប់ជាមួយសំណេរដ៏មានអត្ថន័យថា នេះគឺជារបស់ពិត មានឈ្មោះថាជា «ខ្មែរ» នេះ គឺជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ពិតប្រាកដ មិនមែនជា AI។
នាងថា នាងមកដើម្បីផ្សព្វផ្សាយអោយពិភពលោកបានដឹងថានេះ ជាសម្បត្តិរបស់ដូនតា«ខ្មែរ»មានតែមួយ គ្មានពីរនៅលើលោកនេះ 🇰🇭 កូនខ្មែរគ្រប់ៗរូបចូលនាំគ្នាថែរក្សាសម្បត្តិមួយនេះឲ្យគង់វង្សតរៀងទៅ។

ដោយឡែក បន្ទាប់ពីបង្ហោះរូបភាព និងខ្លឹមសារខាងលើនេះ ល្អ ហួស ក៏បានគូសបញ្ជាក់បន្ថែមចំពោះឈុតមួយថា ឈុតតំណាងជាតិឆ្នាំនេះ ដូចលើកប្រទេសកម្ពុជា អោយពិភពលោកបានឃើញនៅលើឆាកអន្តរជាតិដ៏ធំមួយ ដែលមានបេក្ខភាពប្រកួតជាង៤០ប្រទេស នេះជាអ្វីដែលនាងខ្ញុំអាចជួយលើកកិត្តិយសប្រទេសកម្ពុជាបាន។
តាមរយៈសំណេរខាងលើនេះ គេឃើញមានមហាជនជាច្រើនបានចូលទៅធ្វើការខមមិន ដោយម្នាក់ៗពិតសម្តែងនូវមោទនភាព និងស្ងើចសសើរទៅកាន់ ល្អ ហួស ខណៈពេលដែលគេដាក់ក្តីរំពឹងថា បេក្ខភាពដែលជាគ្រាប់ពេជ្រកម្ពុជារូបនេះ នឹងធ្វើបានល្អ និងទទួលបានជោគជ័យសម្រាប់ការប្រកួតបវរកញ្ញានាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ល្អ ហួស កំពុងតែត្រៀមខ្លួនរួចជាស្រេចនៅក្នុងការតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញាលំដាប់អន្តរជាតិដ៏ធំមួយនាពេលខាងមុខ។
យ៉ាងណា បើទោះបីជារហូតមកទល់នាពេលនេះ ល្អ ហួស នៅមិនទាន់បង្ហើបពីការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីណាមួយក៏ដោយ ប៉ុន្តែយុវតីដ៏មានសមត្ថភាពរបស់កម្ពុជារូបនេះ បាននឹងកំពុងហាត់ពុតលុតដុំនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត សម្រាប់ការប្រកួតប្រជែងជាអន្តរជាតិនាពេលខាងមុខនេះ។
អ្វីដែលពិសេសទៀតនោះ ល្អ ហួស ក៏បានត្រៀមខ្លួននឹងបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការសម្តែងលើទម្រង់សិល្បៈណាមួយដែលជាអត្តសញ្ញាណពិតរបស់ខ្មែរបង្ហាញអន្តរជាតិបានដឹង ក្នុងករណីដែលស្ថាប័នបវរកញ្ញាឆ្នាំនេះ បើកឲ្យបវរកញ្ញាគ្រប់បណ្តាលប្រទេសបង្ហាញពីសមត្ថភាពរបស់ខ្លួន។
អត្ថបទសរសេរដោយ សុខ វាសនា | កែសម្រួលដោយ ស្រីណា
