គុយវ៉ែត៖ ក្រសួងការពារជាតិគុយវ៉ែតបានរាយការណ៍ថា មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាង ១០០០គ្រាប់/គ្រឿង បានកំណត់គោលដៅវាយប្រហារលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦។

យោងតាម Yeni Safak ចុះផ្សាយថ្ងៃទី៦ខែមេសា ចំនួនសរុបនេះរួមមាន មីស៊ីលបាលិស្ទិក៣៣៦គ្រាប់ មីស៊ីលគ្រូស១៣គ្រាប់ និងដ្រូន៧៤០គ្រឿង។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រព័ន្ធការពារអាកាសគុយវ៉ែតបានស្ទាក់ចាប់ដោយជោគជ័យនូវមីស៊ីលបាលិស្ទិក៩គ្រាប់ មីស៊ីលគ្រូស៤គ្រាប់ និងដ្រូន៣១គ្រឿងបន្ថែមទៀត។
ក្រសួងការពារជាតិគុយវ៉ែតបានបង្ហាញថា ការវាយប្រហារនាពេលថ្មីៗនេះបានផ្តោតគោលដៅជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអង្គភាពផលិតអគ្គិសនី រោងចក្រចម្រោះទឹកស្អាត មូលដ្ឋានប្រេង និងទីតាំងប្រតិបត្តិការរបស់សាជីវកម្មប្រេងគុយវ៉ែត។

ទោះបីជាមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះ ប៉ុន្តែការវាយប្រហារនេះហាក់មានបំណងបង្អាក់ប្រព័ន្ធថាមពល និងទឹករបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការសងសឹកកាន់តែធំ បន្ទាប់ពីមនុស្សជាង ១៣៤០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងអតីតមេដឹកនាំកំពូល Ali Khamenei ផងដែរ។
ការកើនឡើងនៃភាពតានតឹងនេះបានបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ជាពិសេសពីប្រទេសតួកគី ខណៈដែលទីក្រុងតេហេរ៉ង់នៅតែបន្តវាយប្រហារគោលដៅក្នុងតំបន់ និងរឹតបន្តឹងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

តួកគីបានព្រមានថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងបណ្តាប្រទេសឈូងសមុទ្រ អាចបង្កឲ្យមានវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ហើយបានអំពាវនាវឲ្យមានការវិលត្រឡប់ទៅរកផ្លូវការទូតជាបន្ទាន់ ដើម្បីទប់ស្កាត់អស្ថិរភាពក្នុងតំបន់បន្ថែមទៀត៕
