
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបញ្ជាឲ្យប្រើកម្លាំងបង្ក្រាបក្រុមក្មេងទំនើង និងចាស់ទំនើង ដើម្បីធានាសន្តិសុខសាធារណៈ។ ការបញ្ជានេះមកក្រោយពីលោកសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច ដែលបង្កអំពើហិង្សា និងរំខានដល់ការរស់នៅរបស់អ្នកដទៃ។

តាមសំណេរនៅលើបណ្ដាញសង្គម លោកអភិបាលបានសរសេរថា៖ «គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យបាន»។

លោកអភិបាលក៏បានណែនាំឲ្យគ្រប់វត្តអារាម និងទីសាធារណៈនានា ហាមលេងល្បែងបាញ់ទឹក-ប៉ាតម្សៅ ដែលជាហេតុនាំឲ្យមានបញ្ហាហិង្សាកើតឡើងជាយថាហេតុ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការណែនាំនេះធ្វើឡើងដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យជាតិ។
