អន្តរជាតិ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយព្រមានថា «ទ្វារឋាននរកនឹងបើក» សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើពួកគេបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។

ឧត្តមសេនីយ៍ឯក Ali Abdollahi Aliabadi មេបញ្ជាការនៃបញ្ជាការកណ្តាល Khatam al-Anbiya បានប្រកាសនៅថ្ងៃទី៤ ខែមេសាថា៖ «ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ តំបន់ទាំងមូលនឹងក្លាយជាឋាននរកសម្រាប់អ្នក។ ការបំភាន់នៃការកម្ចាត់អ៊ីរ៉ង់បានប្រែក្លាយទៅជាវាលភក់ ហើយវានឹងលង់ទឹកអ្នក»។
ការព្រមាននេះមកក្រោយពីលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា ដោយថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។

យោធាអ៉ីរ៉ង់បានទាត់ចោលឱសានវាទរបស់លោក ត្រាំ ដោយចាត់ទោសថា ជាសកម្មភាពដ៏អស់សង្ឃឹមមួយ។ អ្នកនាំពាក្យបញ្ជាការកណ្តាល Khatam al-Anbiya លោក Ebrahim Zolfaghari បានអះអាងថា ការគំរាមកំហែងរបស់អាមេរិកគ្មានឥទ្ធិពលលើទីបញ្ជាការយោធាអ៊ីរ៉ង់ឡើយ។
កាលពីថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានប្រកាសពន្យារពេលផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា ដោយអះអាងថានេះជាការតបតាមសំណើរបស់រដ្ឋាភិបាលអ៉ីរ៉ង់។
