
ខេត្តព្រះសីហនុ – នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿង មានឈ្មោះ Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ ដែលមកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។ នាវាទាំងនេះត្រូវបានដឹកនាំដោយមេបញ្ជាការលោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV Evgenii ដោយមាននាវិកសរុបប្រមាណ២៦២នាក់។

ការមកដល់របស់នាវាចម្បាំងទាំងពីរគ្រឿងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន៦០នាក់។ ការស្វាគមន៍នេះក៏មានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី។ នាវាទាំងពីរគ្រឿងនឹងសំចតនៅកម្ពុជារហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

តាមការគ្រោងទុក ក្នុងឱកាសនៃការសំចតនាវានេះ កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ទាត់មិត្តភាពផងដែរ ដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរ។

ការទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងយោធាដ៏រឹងមាំរវាងកម្ពុជា និងរុស្ស៊ី ដែលបានអភិវឌ្ឍជាបន្តបន្ទាប់តាមរយៈកិច្ចសហប្រតិបត្តិការផ្សេងៗ។
