រុស្ស៊ីអំពាវនាវអាមេរិក ឈប់ប្រើភាសាគំរាម ហើយងាកមកចរចាជាមួយអ៊ីរ៉ង់

រុស្ស៊ីអំពាវនាវអាមេរិក ឈប់ប្រើភាសាគំរាម ហើយងាកមកចរចាជាមួយអ៊ីរ៉ង់

ភ្នំពេញ – រុស្ស៊ីបានផ្តាំផ្ញើអំពាវនាវទៅកាន់សហរដ្ឋអាមេរិក ដោយស្នើឲ្យឈប់ប្រើភាសាគំរាមកំហែងទៅលើអ៊ីរ៉ង់ និងងាកមកកាន់តុចរចាជាជាងបន្តធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov

តាមការផ្សាយរបស់ TRT World នៅថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ Abbas Araghchi ដើម្បីពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ លោក Lavrov បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែងាកមកកាន់តុចរចា និងឈប់ប្រើពាក្យ«ឱសានវាទ»ទៅ។

ប្រតិកម្មរបស់រុស្ស៊ីកើតឡើងក្រោយពីលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញឱសានវាទថ្មីទៀតទៅកាន់អ៊ីរ៉ង់ ដោយផ្តល់រយៈពេល១០ថ្ងៃដើម្បីទទួលយកកិច្ចព្រមព្រៀង ឬត្រូវបើកច្រកសមុទ្រ Hormuz។

លោកត្រាំបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា៖ «អ៊ីរ៉ង់មានពេលតែ៤៨ម៉ោងទៀតប៉ុណ្ណោះ ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រក Hormuz»។

ក្នុងសំណេរដើម លោកត្រាំសរសេរថា៖ «សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក»។

ក្រោយមកនៅថ្ងៃអាទិត្យ លោកត្រាំបានគំរាមទៀតថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»។

ទន្ទឹមនោះដែរ បើតាមសម្តីលោក Lavrov ភាគីរុស្ស៊ីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តដោយរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles