ខេត្តកំពង់ចាម៖ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្ទាក់ឃាត់ខ្លួនអ្នកបើកបររថយន្តដែលរត់គេចពីកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បណ្ដាលឲ្យរងរបួសកងកម្លាំងនគរបាលចំនួន ៣នាក់ និងខូចខាតម៉ូតូចំនួន ៤គ្រឿង និងរថយន្តចំនួន ៤គ្រឿង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបង្ហាញថា នៅវេលាម៉ោង០៩:៣៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង។

ករណីគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក TOYOTA VELL FIRE ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BA-7775 បើកបរដោយ ប៉ុន ពោធិចា អាយុ៣២ឆ្នាំ រស់នៅភ្នំពេញ បានបុកប៉ះជាមួយរថយន្ត Tacoma និង TOYOTA Highlander មុននឹងរត់គេចពីកន្លែងកើតហេតុ។

សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែអ្នកបើកបរមិនព្រមបញ្ឈប់ រហូតដល់បើកបំបុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួស៣នាក់ និងខូចខាតម៉ូតូ៤គ្រឿងទៀត។

ដើម្បីការពារខ្លួន និងកុំឲ្យបន្តមានគ្រោះថ្នាក់ សមត្ថកិច្ចបានផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានដើម្បីឃាត់រថយន្ត។

បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបរឈ្មោះ ប៉ុន ពោធិចា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ចូនទៅស្ថាប័នអយ្យការ។

ករណីនេះបណ្ដាលឲ្យរងរបួសកងកម្លាំងនគរបាលចំនួន៣នាក់ និងខូចខាតម៉ូតូចំនួន៤គ្រឿង និងរថយន្តចំនួន៤គ្រឿង។

