ភ្នំពេញ៖ លោក សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវឱ្យអាជ្ញាធរទូទាំងប្រទេសចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកសន្តិបណ្ឌិតបានថ្លែងក្នុងឱកាសកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីកាគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិជាង ៤០០ នាក់។

“យើងត្រូវធ្វើការជាមួយគ្នាដើម្បីបោសសម្អាតអំពើល្មើសឆបោកអនឡាញនេះឱ្យអស់ពីកម្ពុជា និងធានាថាមិនឱ្យឧក្រិដ្ឋកម្មឆ្លងដែននេះវិលត្រលប់មកវិញទៀត” លោកសន្តិបណ្ឌិតបានបញ្ជាក់។

ច្បាប់ថ្មីនេះមាន៥ជំពូក និង២៤មាត្រា ដែលត្រូវបានអនុម័តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ច្បាប់នេះបង្កើតបទល្មើសព្រហ្មទណ្ឌថ្មី៥ប្រភេទ ដែលអាចធ្វើឱ្យជនល្មើសជាប់ពន្ធនាគាររហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១,០០០ លានរៀល។

លោកទេសរដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការជិតស្និទ្ធជាមួយនគរបាលយុត្តិធម៌ និងអង្គភាពជំនាញបច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ មន្ត្រីត្រូវស្វែងយល់ពីល្បិចកលថ្មីៗ ដូចជាការប្រើប្រាស់ AI ការឆបោកតាមរយៈតេឡេក្រាម ឬការបង្កើតទម្រង់វិនិយោគក្លែងក្លាយ។

កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោកដែលបានរៀបចំច្បាប់ពិសេសសម្រាប់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ឌីជីថល។

អាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងពីការល្បិចលួងលោមតាមបណ្តាញសង្គម ដើម្បីការពារពួកគេមិនឱ្យធ្លាក់ក្នុងល្បិចបោកបញ្ឆោតដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ដោយមានការធ្វើបទបង្ហាញលម្អិតពីតំណាងក្រសួងយុត្តិធម៌ និងការសួរឆ្លើយសំណួរពីសំណាក់អ្នកចូលរួមដើម្បីធានាការយល់ដឹងពីច្បាប់ថ្មីនេះ។

ប្រភព៖ CCFR
