ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានកំណត់គោលការណ៍រួមចំនួន ៤ចំណុចសម្រាប់ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិលតាមរចនាសម្ព័ន្ធថ្មី។

ក្នុងកិច្ចប្រជុំលើកទី១៣ នៃលេខាធិការដ្ឋានគ.វ.រ. លោក ហ៊ុន ម៉ានី បានដឹកនាំការពិភាក្សាលើការអនុវត្តគោលការណ៍ទាំងនេះ ដែលផ្តោតលើគោលបំណង «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។

គោលការណ៍ទី១៖ ការតែងតាំងឡើងវិញត្រូវផ្តោតលើមន្ត្រីដែលកំពុងកាន់តំណែងស្រាប់ លើកលែងតែរចនាសម្ព័ន្ធថ្មីត្រូវការមន្ត្រីដែលមានគុណវុឌ្ឍិ និងគុណសម្បត្តិស័ក្តិសម។

គោលការណ៍ទី២៖ ចំនួនមន្ត្រីថ្នាក់អគ្គលេខាធិការរង អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ត្រូវរក្សាទុកតាមចំនួនដែលមានស្រាប់។

គោលការណ៍ទី៣៖ មន្ត្រីដែលត្រូវប៉ះពាល់ដោយការកែសម្រួលរចនាសម្ព័ន្ធ ត្រូវរក្សាបៀវត្សយ៉ាងហោចក្នុងកម្រិតដដែល។

គោលការណ៍ទី៤៖ ស្ថាប័នទាំងអស់ត្រូវរៀបចំតែងតាំងមន្ត្រីតាមរចនាសម្ព័ន្ធថ្មីឱ្យរួចរាល់ក្នុងរយៈពេល ៣ខែបន្ទាប់ពីសេចក្តីណែនាំចូលជាធរមាន។

សេចក្តីព្រាងសេចក្តីណែនាំនេះគឺជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈក្រោមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ។

ការអនុវត្តគោលការណ៍ទាំងនេះនឹងធានាបាននូវការផ្លាស់ប្តូរដ៏សមស្រប និងការការពារអត្ថប្រយោជន៍របស់មន្ត្រីរាជការ ខណៈដែលពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋបាលក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ។

ដោយ៖ សិលា

