ភ្នំពេញ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលរថយន្តបែនដឹកដីមួយគ្រឿងបានបុករបងវិទ្យាល័យបឹងត្របែកយ៉ាងខ្លាំង។

តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបែនដឹកដីពណ៌សផ្លាកលេខ ភ្នំពេញ 3D-3653 ត្រូវបានបុរសម្នាក់បើកបរក្នុងល្បឿនលឿនពេក ហើយបានបាត់បង់ការគ្រប់គ្រង បណ្ដាលឱ្យរ៉េចង្កូតឡើងចិញ្ចឹមផ្លូវ មុននឹងបន្តទៅបុកទម្លុះរបងវិទ្យាល័យបឹងត្របែក។

ហេតុការនេះបានបណ្ដាលឱ្យរបងវិទ្យាល័យបាក់ខូចចំនួន១ផ្ទាំង ខណៈរថយន្តបែនដឹកដីក៏រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ សំណាងល្អដែលមិនមាននរណាម្នាក់រងរបួសក្នុងហេតុការនេះទេ។

បុរសដែលបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ ហើយក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ នៅលើផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។ សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតបន្ថែម និងរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ដោយ៖ ភារ៉ា ដង្កោ
