ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាកចេញពីរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ។

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីសាធារណរដ្ឋបារាំង។ សម្តេចធិបតីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងអំឡុងពេលនៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី Emmanuel MACRON ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង។

កិច្ចសហប្រតិបត្តិការទាំងនេះកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងលីយ៉ុង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់បារាំងក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ។
