
ប្រទេសស៊ែរប៊ី៖ អាជ្ញាធរស៊ែរប៊ីបានរកឃើញថង់ស្ពាយដាក់គ្រឿងផ្ទុះចំនួន ២ ក្បែរបំពង់បង្ហូរឧស្ម័ន Balkan Stream ដែលជាខ្សែចម្លងឧស្ម័នសំខាន់ពីរុស្ស៊ីទៅកាន់ស៊ែរប៊ី និងហុងគ្រី។

លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសថា ការរកឃើញនេះបានកើតឡើងនៅថ្ងៃទី៥ មេសា នៅតំបន់ Kanjiza ភាគខាងជើងប្រទេស។ នៅក្នុងថង់ស្ពាយទាំងពីរនោះ មានកញ្ចប់គ្រឿងផ្ទុះធំៗ និងក្បាលផ្ទុះជាច្រើន ដែលត្រូវបានដាក់នៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីបំពង់បង្ហូរឧស្ម័ន។
លោក Vucic បានសម្ដែងការសរសើរចំពោះការងារដ៏ល្អរបស់ភ្នាក់ងារស៊ើបការណ៍ស៊ែរប៊ី ដែលបានទប់ស្កាត់គម្រោងបំផ្លិចបំផ្លាញមួយនេះ។ លោកបានជូនដំណឹងដល់នាយករដ្ឋមន្ត្រីហុងគ្រីអំពីលទ្ធផលដំបូងនៃការស៊ើបអង្កេត។

គ្រឿងផ្ទុះទាំងនេះមានសមត្ថភាពគំរាមកំហែងដល់អាយុជីវិតមនុស្សច្រើននាក់ និងអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បំពង់បង្ហូរឧស្ម័ន Balkan Stream ដែលជាហេដ្ឋារចនាសម្ព័ន្ធឧស្ម័នសំខាន់សម្រាប់តំបន់។
បំពង់បង្ហូរឧស្ម័ន Balkan Stream គឺជាខ្សែចម្លងឧស្ម័នសំខាន់មួយដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់ប្រទេសស៊ែរប៊ី និងហុងគ្រី ដែលមានតម្រូវការឧស្ម័នខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។
អត្ថបទសរសេរដោយ៖ ខាន់ សុខឃន
កែសម្រួលដោយ៖ ស្រីណា
