រាជធានីប៊ែរូត ប្រទេសលីបង់ បានរងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីអ៊ីស្រាអែលនៅថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង១០នាក់ និងរបួសរាប់សិបនាក់ទៀត។

ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា ការវាយប្រហារតាមអាកាសលើភូមិ Kfarhata ភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស៧នាក់ រួមទាំងកុមារអាយុ៤ឆ្នាំម្នាក់ និងរបួសរាប់សិបនាក់។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការវាយប្រហារមួយផ្សេងទៀតរបស់អ៊ីស្រាអែលនៅថ្ងៃដដែលលើសង្កាត់ Jnah ក្នុងទីក្រុង Beirut ក៏បានសម្លាប់មនុស្ស៤នាក់ និងរបួស៣៩នាក់ផងដែរ។
ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃបុណ្យអ៊ីស្ទើរ ខណៈគ្រិស្តបរិស័ទលីបង់ជាងមួយភាគបីនៃចំនួនប្រជាជនកំពុងប្រារព្ធពិធីបុណ្យ។ ទីក្រុងប៊ែរូតទាំងមូលបានឮសំឡេងវាយប្រហារ និងមានយន្តហោះហោះនៅកម្ពស់ទាបៗពីលើផ្ទះរបស់ប្រជាជន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីត្រូវបានវាយប្រហារតាមអាកាសចំនួន៨លើក។ កងទ័ពលីបង់ក៏បានរាយការណ៍ថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ផងដែរ។
ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា មនុស្សសរុប១,៤៦១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់គិតត្រឹមថ្ងៃអាទិត្យ ហើយមនុស្សជាងមួយលាននាក់បានផ្លាស់ទីលំនៅដោយសារសង្គ្រាម។

សង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានចាប់ផ្តើមបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែលនៅថ្ងៃទី០២ ខែមីនា ដែលបណ្តាលឱ្យអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសលីបង់។
