អ៊ុយក្រែន និងស៊ីរី បានចាប់ផ្តើមទំនាក់ទំនងថ្មីក្នុងវិស័យសន្តិសុខ និងការពារជាតិ ក្រោយពីរបបដឹកនាំរបស់ Bashar al-Assad ត្រូវបានផ្តួចរំលំនៅចុងឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ស៊ីរី និងជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរីថ្មី លោក Ahmed al-Sharaa កាលពីថ្ងៃទី៥ មេសា។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់លោកទៅកាន់រដ្ឋធានីស៊ីរី ចាប់តាំងពីរបបអាសាដដួលរលំ។
លោក ហ្សេលេនស្គី បានបង្ហាញថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់សហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចសន្យានេះកើតឡើងក្នុងបរិបទដែលអ៊ុយក្រែនកំពុងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងៗ។

អ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ីជាង៤ឆ្នាំមកហើយ កំពុងស្វែងរកដៃគូយោធាថ្មីៗនៅក្នុងតំបន់។ កាលពីសប្តាហ៍មុន អ៊ុយក្រែនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយអារ៉ាប៊ីសាអូឌីត និងកាតាផងដែរ។
ការសហការថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែនក្នុងការបង្កើតសម្ព័ន្ធភាពថ្មីៗ និងការពង្រឹងសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់។
