សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានដាក់ឱសានវាទថ្មីទុកពេល៤៨ម៉ោង ឲ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រហើមូស បើមិនដូច្នេះទេ នឹងកម្ទេចអ៊ីរ៉ង់ឲ្យហ្មត់។

រួចនាថ្ងៃទី៥ មេសា លោកត្រាំចេញការគំរាមយ៉ាងខ្លាំងទៀត ប្រឆាំងអ៊ីរ៉ង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះ ប្រសិនបើមិនបើកច្រកសមុទ្រហើមូសមុនពេលផុតឱសានវាទរបស់លោកត្រឹមថ្ងៃទី៧ មេសា ទេនោះ។
ជាការផ្គើនវិញ អ៊ីរ៉ង់បានវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធ ក្នុងបណ្ដាប្រទេសអារ៉ាប់ជិតខាងជាសម្ព័ន្ធមិត្តអាមេរិក ហើយគំរាមរិតត្បិតច្រកសមុទ្រមួយទៀតក្នុងតំបន់ ដែលមាននាវាឆ្លងកាត់ច្រើនដែរគឺច្រកសមុទ្រ BAB EL MANDEB ក្នុងដែនទឹកឧបទ្វីបអារ៉ាប់។
តាមបណ្ដាញសង្គម TRUTH SOCIAL របស់លោកប្រធានាធិបតីអាមេរិកសរសេរថា៖ “ខ្ញុំសច្ចាវាយប្រហារបណ្ដាមជ្ឈមណ្ឌលអគ្គិសនី និងស្ពានអ៊ីរ៉ង់ ហើយលោកថា ប្រទេសនោះនឹងរស់នៅក្នុងឋាននរក ប្រសិនបើច្រកសមុទ្រហើមូសដែលសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក មិនត្រូវបានបើកវិញទេនោះ។”
កាលពីថ្ងៃទី៤ មេសា អាមេរិកបានវាយប្រហារ មជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីរ៉ង់មួយ រោងចក្រសម្រាញ់ប្រេងកាតមួយ និងទីតាំងប្រេងអ៊ីរ៉ង់មួយកន្លែងនៅព្រំដែនជាមួយអ៊ីរ៉ាក់ ដែលតាមអាជ្ញាធរមូលដ្ឋានថា បណ្ដាលឲ្យមនុស្សស្លាប់សរុប៧នាក់។
ប្រធានាធិបតីអាមេរិក ធ្លាប់បានកំណត់រួចហើយឱសានវាទបែបនេះ តែត្រូវបានពន្យារពេល ខណៈអាជ្ញាកណ្ដាលរៀបរាប់ពីការរីកចម្រើនក្នុងការចរចា ទាក់ទិននឹងការបញ្ចប់សង្គ្រាម ដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនពាន់នាក់រួចមកហើយ ព្រមទាំងបណ្ដាលឲ្យមានការកក្រើកដល់ទីផ្សារប្រេង និងឧស្ន័នពិភពលោក និងបណ្ដាលឲ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់បំផុតនិងការខ្វះខាតថាមពលក្នុងប្រទេសជាច្រើន អស់រយៈពេលជាង៥សប្ដាហ៍មកហើយ។
ក្នុងសង្គ្រាមនោះទាំងអាមេរិកទាំងអ៊ីស្រាអែលទាំងអ៊ីរ៉ង់ បានវាយប្រហារបណ្ដាគោលដៅស៊ីវិលដូចជា បណ្ដាទីតាំងប្រេងឬឧស្ម័ន បណ្ដារោងចក្រចម្រាញ់ទឹកសមុទ្រមកជាទឹកសាប។
តំណាងអ៊ីរ៉ង់ប្រចាំអ.ស.ប ចាត់ទុកការគំរាមរបស់លោកត្រាំថា ជាភស្ដុតាងយ៉ាងច្បាស់ពីបំណងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ចំណែកទីបញ្ជាការដ្ឋានយោធាអ៊ីរ៉ង់ បានព្រមានចំពោះការបង្កើនការវាយប្រហារ ពីការសងសឹកវិញ ដោយវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេង និងស៊ីវិលរបស់តំបន់ ប្រសិនបើអាមេរិក និងអ៊ីស្រាអែលវាយប្រហារបណ្ដាគោលដៅបែបនោះរបស់អ៊ីរ៉ង់។
តាំងពីចាប់ផ្ដើមសង្គ្រាមមកពុំទាន់មានទាហានអាមេរិកណាម្នាក់ស្លាប់ ឬចាប់បាន ក្នុងទឹកដីអ៊ីរ៉ង់នៅឡើយ។ តែទាហានអាមេរិក១៣នាក់ស្លាប់នៅគុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់៕
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
