ស្វាយរៀង – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំមមី នៅសួនទឹកគជ់ស្វាយព្រៃ ក្រុងស្វាយរៀង កាលពីថ្ងៃទី៦ មេសា ២០២៦។

ក្នុងឱកាសនេះ សម្តេចបានជួបជាមួយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម និងរដ្ឋបាលខេត្តតៃនិញ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួមពិធី។

សម្តេចបានបញ្ជាក់ថា៖ “កម្ពុជា-វៀតណាម នៅតែរក្សាបុព្វហេតុឯករាជ្យ សន្តិភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយ។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃ៧មករា១៩៧៩។”

សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

សម្តេចបានលើកឡើងពីការអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង សម្តេចក៏បានសហការជាមួយខេត្តតៃនិញតាមរយៈការជម្រុញការងាររដ្ឋបាល និងការងារសហប្រតិបត្តិការ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។

សម្តេចបានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលបាននាំយកអំណោយ និងថវិកាពីសប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
