ព្រះសីហនុ៖ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានប្រកាសដកហូតអាជ្ញាបណ្ណក្រុមហ៊ុន ហ្គាន់ ដាវ អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ដែលគ្រប់គ្រងកាស៊ីណូហ្គាន់ដាវ នៅក្រុងព្រះសីហនុ។

ការសម្រេចចិត្តនេះមកបន្ទាប់ពីកងកម្លាំងមានសមត្ថកិច្ចបានចុះប្រតិបត្តិការនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅកាស៊ីណូខាងលើ ហើយបាននាំខ្លួនជនសង្ស័យចំនួន ១០៨ នាក់ ក្នុងនោះមានជនជាតិចិន ១០៥ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់។
កងកម្លាំងបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រជិត ៥០០ គ្រឿង និងទូរសព្ទដៃជាង ១,០០០ គ្រឿង។ ការស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុននេះបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

គ.ល.ក. បានដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ៣២៥ គ.ល.ក ដែលបានផ្តល់ជូនក្រុមហ៊ុននេះនៅថ្ងៃទី១៩ វិច្ឆិកា ២០២៥។ ការសម្រេចនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីសម្រេចលេខ ០៣០ គ.ល.ក.សសរ ចុះថ្ងៃទី០៦ មេសា ២០២៦។
អគ្គលេខាធិការដ្ឋានគ.ល.ក. បានអះអាងថា នឹងបន្តអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ ដោយសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីធានាសុវត្ថិភាពសាធារណជន និងការពារសេដ្ឋកិច្ចជាតិ។
