ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងជោគជ័យ ដោយឃាត់ខ្លួនជនបរទេសចំនួន៨នាក់ ក្នុងនោះមានជនជាតិជប៉ុន៥នាក់ និងជនជាតិចិន៣នាក់ កាលពីថ្ងៃទី០៦ មេសា ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងនៅអគារខុនដូ JD Polman ស្ថិតក្នុងខណ្ឌសែនសុខ ក្រោមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលរាជធានី។

ក្រុមការងារបានរកឃើញសម្ភារៈប្រព្រឹត្តបទល្មើសជាច្រើន រួមមានទូរសព្ទ១៤គ្រឿង, iPad ៣គ្រឿង, អាវនគរបាលជប៉ុន៥គ្រឿង, មួកនគរបាលជប៉ុន២គ្រឿង និងឯកសារក្លែងក្លាយមួយចំនួន។ ជនសង្ស័យបានក្លែងខ្លួនជានគរបាលជប៉ុន ដើម្បីឆបោកជនរងគ្រោះតាមប្រព័ន្ធអនឡាញ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។ រាល់បុគ្គលដែលពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
