ទីក្រុងអាប៊ូដាប៊ី – អារ៉ាប់រួមបានជំរុញឲ្យមានការដោះស្រាយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដោយពេញលេញ ដោយដាក់សុវត្ថិភាពច្រកសមុទ្រ Hormuz ជាអាទិភាពកំពូល។

លោក Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតី UAE បានថ្លែងកាលពីចុងសប្ដាហ៍នេះថា ការដោះស្រាយជម្លោះនេះត្រូវតែធានាបាននូវសុវត្ថិភាពនៃច្រកសមុទ្រដ៏សំខាន់នេះ ដែលជាផ្លូវដឹកជញ្ជូនប្រេងកាតសំខាន់បំផុតរបស់ពិភពលោក។
“ច្រក Hormuz មិនអាចក្លាយជាអាវុធនយោបាយបានឡើយ។ សុវត្ថិភាពរបស់វាជាកាតព្វកិច្ចសកលសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល” លោក Gargash បានអះអាង។
អ្នកដឹកនាំ UAE បានពន្យល់បន្ថែមថា ការដោះស្រាយជម្លោះត្រូវតែរួមបញ្ចូលទាំងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បញ្ហាមីស៊ីល និងយន្តហោះដ្រូន ដែលជាបញ្ហាសំខាន់ៗដែលនៅតែគំរាមកំហែងស្ថិរភាពតំបន់។

“យើងចង់ឃើញសង្គ្រាមបញ្ចប់ ប៉ុន្តែយើងមិនចង់បានការឈប់បាញ់ដែលមិនដោះស្រាយបញ្ហាជាមូលដ្ឋាននោះទេ។ បញ្ហាទាំងនេះនឹងបន្តគំរាមកំហែងតំបន់ និងប្រទេសជិតខាង” លោកបានបន្ថែម។
UAE បានបញ្ជាក់ពីស្មារតីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធានាសុវត្ថិភាពនៃច្រកសមុទ្រសំខាន់នេះ។
ច្រក Hormuz ដែលស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវដឹកជញ្ជូនប្រេងកាតសំខាន់ ដែលប្រហែល ២០-៣០% នៃការផ្គត់ផ្គង់ប្រេងកាតពិភពលោកឆ្លងកាត់។
