ខេត្តកណ្ដាល – យុវជនញៀនថ្នាំម្នាក់ដែលជាមុខសញ្ញាក្នុងក្រុមទុច្ចរិតដឹកទម្លាក់ឲ្យដើរលួចតាមផ្សារ បាននាំក្មេងអាយុ៨ឆ្នាំម្នាក់ធ្វើសកម្មភាពចូលលួចកាបូបលុយពីស្ត្រីជាអាជីវករ ប៉ុន្តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ខ្លួនបានភ្លាមៗ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤មេសា ២០២៦ វេលាម៉ោង១៨:៣០នាទី នៅតូបលក់ដូរក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល។
ជនសង្ស័យទាំងពីរនាក់ដែលត្រូវឃាត់ខ្លួនមាន៖ ទី១ ឈ្មោះ រស់ សារិន អាយុ១៩ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី២ ឈ្មោះ នៅ លាភ អាយុ៨ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BL-1756 ព្រមទាំងទូរស័ព្ទដៃ២គ្រឿង។
លោកអធិការបានរៀបរាប់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស្រី សុម៉ាលី អាយុ២៨ឆ្នាំ កំពុងលក់ដូរនៅក្នុងតូប ស្រាប់តែមានអតិថិជនមកទិញនំ។ ខណៈពេលដែលជនរងគ្រោះដើរទៅខ្ចប់នំ ជនសង្ស័យទាំងពីរក៏លួចចូលឆក់យកកាបូបស្ពាយ រួចរត់គេចខ្លួន។
ប្រជាពលរដ្ឋនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងដែលនៅក្បែរនោះ បានតាមដេញឃាត់ខ្លួនបានភ្លាមៗ។ ជនសង្ស័យ រស់ សារិន បានសារភាពថារូបគេពិតជាបានលួចកាបូប និងធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រហែល២ឆ្នាំមកហើយ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ជនសង្ស័យរូបនេះជាមុខសញ្ញាស្ថិតក្នុងក្រុមទុច្ចរិតដែលតែងតែប្រើរូបភាពដឹកទម្លាក់ឲ្យដើរលួចតាមទីប្រជុំជន។ កន្លងមកបណ្ដាញរបស់ក្រុមនេះក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
