សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានអះអាងថា លោកមិនខ្វល់ពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមទេ ប្រសិនបើលោកត្រូវកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

ក្នុងពិធីបុណ្យកាតូលិក PAQUES នៅសេតវិមាន លោកត្រាំបានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតម្នាក់ ដែលសួរពីហានិភ័យនៃការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើលោកអនុវត្តការគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់។
លោកត្រាំបានឆ្លើយយ៉ាងច្បាស់ថា៖ “រឿងនោះខ្ញុំគ្មានការបារម្ភទេ។” លោកបានវាយតម្លៃថា ការអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរគឺជាឧក្រិដ្ឋកម្មសង្គ្រាមដោយខ្លួនឯង។
លោកបានលើកឡើងពីការបង្ក្រាបបាតុកម្មដោយអាជ្ញាធរអ៉ីរ៉ង់ ដោយអះអាងថា អាជ្ញាធរអ៉ីរ៉ង់បានសម្លាប់បាតុករ ដែលលោកពិពណ៌នាថា “មិនមែនជាមនុស្សទេ តែជាសត្វ”។
ការអះអាងនេះបានកើតឡើងក្នុងពេលដែលភាពតានតឹងកំពុងកើនឡើងរវាងអាមេរិកនិងអ៉ីរ៉ង់ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា ការគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់អាចនាំឱ្យមានការប៉ះទង្គិចយោធាធំរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពតំបន់។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
