ទីក្រុងហ្សាការតា – រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះក្នុងស្រុករហូតដល់ ១៣% បន្ទាប់ពីការកើនឡើងថ្លៃប្រេងឥន្ធនៈយន្តហោះ ២៨% ដោយសារវិបត្តិប្រេងសកល។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកកាសែតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ការដំឡើងថ្លៃបន្ថែមលើប្រេងឥន្ធនៈយន្តហោះនឹងកើនឡើងពី ១០ ទៅ ៣៨% ខណៈដែលតម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងកើនឡើងរវាង ៩ ទៅ ១៣%។
លោក Airlangga បានពន្យល់ថា រដ្ឋាភិបាលនឹងទទួលបន្ទុកពន្ធបន្ថែម ១១% លើសំបុត្រយន្តហោះក្នុងស្រុក ដើម្បីទូទាត់ផលប៉ះពាល់ពីការកើនឡើងតម្លៃ។ រដ្ឋាភិបាលនឹងផ្តល់ឧបត្ថម្ភប្រហែល ១,៣ ទ្រីលានរូពី (៧៦ លានដុល្លារ) ក្នុងមួយខែ។
វិធានការទាំងនេះនឹងត្រូវឆ្លងកាត់ការវាយតម្លៃឡើងវិញបន្ទាប់ពីអនុវត្តបានរយៈពេល២ខែ អាស្រ័យលើស្ថានភាពជម្លោះមជ្ឈិមបូព៌ា។
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងដល់ជាង ១០០ ដុល្លារក្នុង១បារ៉ែល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបង្កឱ្យមានជម្លោះទូទាំងតំបន់មជ្ឈិមបូព៌ា។

យោងតាមក្រុមហ៊ុនប្រេងរដ្ឋ Pertamina នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៃទីក្រុងហ្សាការតា តម្លៃប្រេងឥន្ធនៈយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកបានកើនឡើងជាង ៧០% ចាប់តាំងពីខែមីនា។ សម្រាប់ជើងហោះហើរអន្តរជាតិ តម្លៃបានកើនឡើងជិតទ្វេដង។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួននឹងមិនកាត់បន្ថយការឧបត្ថម្ភធនលើប្រេងសាំង និងឧស្ម័នធម្មជាតិដែលប្រើប្រាស់ក្នុងស្រុកនោះទេ ដោយការឧបត្ថម្ភគ្របដណ្តប់ប្រហែល ៣០ ទៅ ៤០% នៃថ្លៃដើមសម្រាប់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ពោលជាង ២៨៧ លាននាក់។
