កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខណ្ឌសែនសុខ នៅយប់ថ្ងៃទី៦មេសា២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប២៧នាក់ រួមមាន៖ ចិនតៃវ៉ាន់២៣នាក់ ចិន៣នាក់ និងម៉ាឡេស៊ី១នាក់។ កម្លាំងជំនាញក៏បានដកហូតសម្ភារពាក់ព័ន្ធរួមមាន៖ ទូរស័ព្ទដៃ២២៧គ្រឿង កុំព្យូទ័រ២២គ្រឿង និងអេក្រង់១៩គ្រឿង។

ផ្អែកតាមការស៊ើបអង្កេត ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ឆបោកតាមអនឡាញ ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ និងអូសទាញឲ្យវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យទាំង២៧នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

